កម្ពុជា​ធ្លាក់​ចូល​ចំណាត់ថ្នាក់​ជា​ប្រទេស​កាន់​របប​ផ្ដាច់ការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សភាព​តានតឹង និង​ធ្លាក់​ចុះ​កិត្យានុភាព​ជា​លំដាប់​នៅ​លើ​ឆាក​អន្តរជាតិ។ ការ​ធ្លាក់​ចុះ​នេះ រហូតដល់​ស្ថាប័ន​អន្តរជាតិ​មួយ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​ថា ចំណាត់ថ្នាក់​នេះ​មិន​ត្រឹមត្រូវ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច គឺ​លោក សុខ ឥសាន្ត ច្រានចោល​ការ​វាយតម្លៃ​របស់​ស្ថាប័ន​អន្តរជាតិ​មួយ ដែល​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​ផ្ដាច់ការ​នោះ មិន​មាន​ហេតុផល​ប្រាសចាក​ការពិត៖ «គ្មាន​ហេតុផល​ណា ដែល​ត្រូវ​វាយ​តម្លៃ​ថា រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​ដឹកនាំ​បែប​ផ្ដាច់ការ​ទេ។ តាមពិត មាន​ប្រជាធិបតេយ្យ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ លើកលែងតែ​អ្នក​ខុសច្បាប់ ល្មើសច្បាប់ អាហ្នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់»។

លោក​ផ្ដល់​ហេតុផល​ថា អ្វី​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​គណបក្ស​នយោបាយ​ប្រឆាំង នៅ​ប្រទេស​កម្ពុជា​រហូតមកដល់​ពេលនេះ គឺជា​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ហៅថា សន្និដ្ឋិភាព។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ឃុំខ្លួន​លោក កឹម សុខា មេ​បក្ស​ប្រឆាំង ដោយ​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព ជា​អំពើ​ក្បត់ជាតិ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ជាច្រើន​វាយ​តម្លៃ​ថា វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​លើ​គណបក្សប្រឆាំង​នេះ ជា​ការ​ធ្វើ​ឲ្យ​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស​កម្ពុជា​ធ្លាក់​ចុះ។

ការ​ធ្លាក់​ចុះ​នេះ គឺ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស អ្នកកាសែត​ឯករាជ្យ អ្នកនយោបាយ​ប្រឆាំង ដោយ​ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ និង​មេ​បក្ស​ប្រឆាំង​ដាក់គុក រហូតដល់​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​នេះ​តែម្ដង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ការ​លើក​ហេតុផល​របស់​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ថា វិធានការ​ទាំង​លើ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ ជា​ការ​អនុវត្ត​ច្បាប់ ត្រូវ​បាន​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបើតសុន (Phil Robertson) ថ្លែង​ថា វា​ច្បាស់​ណាស់​ដែល​ថា កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ៖ «ការ​រក​ឃើញ​របស់​អង្គការ Economist Intelligent Unit គឺ​ពិតជា​ត្រឹមត្រូវ។ អ្វី​ដែល​យើង​កំពុង​មើល​ឃើញ គឺ​កម្ពុជា​កំពុង​រអិល​យ៉ាង​លឿន​ចូល​ទៅ​​​​​​ក្នុង​របប​ផ្ដាច់ការ ដោយ​មានការ​កម្ទេច​ចោល​នូវ​គណបក្ស​ប្រឆាំង​តាមរយៈ​ការ​ឃុបឃិត​គ្នា​ជាមួយ​តុលាការ​មិន​ឯករាជ និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​។ ស្ទើរ​គ្រប់​ជំហាន​ទាំងអស់​ដែល​កម្ពុជា​កំពុង​ឈាន​ទៅ​មុខ គឺ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ខុស»។

របប​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ត្រូវ​បាន​ស្ថាប័ន​ស្រាវជ្រាវ​របស់​អ្នកសេដ្ឋកិច្ច The Economist Intelligence Unit’s Index of Democracy ហៅ​កាត់​ថា អ៊ី​.​អៃ​.​យូ (EIU) ចាត់​ចូល​របាយការណ៍​ប្រចាំ​ឆ្នាំ ២០០១៧ របស់​ខ្លួន​ថា ជា​ប្រទេស​កាន់​របប​ផ្ដាច់ការ និង​ឈាន​ទៅរក​ការដឹកនាំ​ប្រទេស​ដោយ​គណបក្ស​តែមួយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការវាយតម្លៃ​របស់ អ៊ី​.​អៃ​.​យូ មិនមែន​ជា​ការពិត​ទេ ពីព្រោះ​ក្រោយពេល​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​មួយ​ចំនួន​ហើយ ក៏​នៅ​មាន​គណបក្ស​នយោបាយ​ចំនួន ៣៥​ទៀត​នៅឡើយ។ លោក​ក៏​ចាត់ទុកថា ជា​ការ​វិភាគ​លម្អៀង​ផ្នែក​នយោបាយ ដែល​លើកឡើង​ថា គណបក្ស​ទាំងនោះ​ជា​បក្ស​បិទមុខ​ភាព​ឯកបក្ស ឬ​រណប​អោយ​គណបក្ស​កាន់អំណាច​នោះ៖ «រឿង​ផ្ដាច់ការ រឿង​ប្រជាធិបតេយ្យ​មិនមែន​នៅ​​​លើ​គាត់​ថា​ទេ វា​លើ​ចំពោះ​ប្រព្រឹត្ត​ជាក់ស្ដែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ បញ្ហា​មួយទៀត​សូម​ជម្រាប​ជូន​ថា បើ​គណបក្ស​ប្រជាជន​ដឹកនាំ​បែប​ផ្ដាច់ការ​ខ្ញុំ​យល់ថា មិន​ឋិតថេរ​ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ​ទេ។ យើង​ឃើញ​ហើយ​ថា ដឹកនាំ​យូរអង្វែង បាន​សេចក្ដី​ថា មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ​បាន​យើង​ឋិតថេរ​បាន ពីព្រោះ​គណបក្ស​ប្រជាជន​កើត​ដោយ​ប្រជាជន ធ្វើការ​ដើម្បី​ប្រជាជន ហើយ​មានការ​រីកចម្រើន។ សំខាន់​លើ​ប្រជាជន ការ​ឋិតថេរ​របស់​គណបក្ស​ប្រជាជន​អាស្រ័យ​ដោយ​ការ​គាំទ្រ​ពី​ប្រជាជន»។ ប្រភព៖​ ​RFA

Leave a Reply

Your email address will not be published. Required fields are marked *