អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា (ភាគ​៨)

អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា ខុស​ប្លែក​ពី​សម័យ​បច្ចុប្បន្ន។ ឧទាហរណ៍ នៅ​សម័យ​នោះ​គេ​មិន​សូវ​គោរព​ព្រះពុទ្ធ​សាសនា​ទេ តែ​គេ​គោរព​បូជា​អាទិទេព​ធំៗ​ទាំង​បី​នៃ​សាសនា​ហិណ្ឌូ គឺ​ព្រះព្រហ្ម ព្រះឥសូរ និង​ព្រះវិស្ណុ។ ក៏ប៉ុន្តែ សម័យ​ចេនឡា គឺ​ជា​ដំណាក់​កាល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​គេ​ប្រើ​ភាសា​ខ្មែរ​បុរាណ​ចារ​ក្នុង​សិលា​ចារិក។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​អារ្យធម៌​ខ្មែរ​នៅ​សម័យ​ចេនឡា។

កំណត់​ត្រា​របស់​ឯកសារ​ចិន និង​តាម​សិលា​ចារិក បាន​អោយ​យើង​ដឹង​ថា មនុស្ស​នៅ​សម័យ​ចេនឡា មាន​គំនិត​ឆ្លាត​វាងវៃ ហើយ​មាន​សុខភាព​ល្អ​មាំមួន​ផង។ ប្រុសៗ​ច្រើន​មាន​មាឌ​តូច សម្បុរ​ខ្មៅ។ ក៏ប៉ុន្តែ ស្រីៗ​ភាគ​ច្រើន​មាន​សម្បុរ​ស​ជ្រះ។ ទាំង​ប្រុស​ទាំង​ស្រី​សុទ្ធតែ​បួង​សក់ ហើយ​ពាក់​រយ៉ា​ត្រចៀក។ គេ​ចាត់​ទុក​ដៃ​ស្តាំ​ថា​បរិសុទ្ធ ឯ​ដៃ​ឆ្វេង​មិន​បរិសុទ្ធ​ទេ។

រាល់​ព្រឹក គេ​តែង​ធ្វើ​ការ​លុប​លាង​ចាក់​ធ្មេញ រួច​អាន​សៀវភៅ ឬ​សូត្រ​ធម៌។ មុន​ពេល​បរិភោគ​អាហារ គេ​តែង​ធ្វើ​ការ​លុប​លាង​ជា​ថ្មី លុះ​បរិភោគ​រួច​ហើយ គេ​ចាក់​ធ្មេញ ហើយ​សូត្រ​ធម៌​ថែម​ទៀត។ គេ​និយម​រាប់​ញាតិ​ដោយ​យក​ខ្សែ​ខាង​ម្តាយ។ ក្នុង​ការ​រើស​គូស្រករ គឺ​ដូរ​មក​ប្រុស​ដណ្ដឹង​ស្រី​វិញ មិន​ដូច​កាល​សម័យ​អាណាចក្រ​ភ្នំ​ដែល​ស្រី​ដណ្ដឹង​ប្រុស​ទេ។

ក្នុង​ការ​ទទួល​កេរ្តិ៍​មរតក​នៅ​ពេល​ដែល​ឪពុក​ម្តាយ​ស្លាប់​ទៅ ពួក​កូន​ដែល​នៅ​លីវ អាច​ទទួល​យក​មរតក​ដែល​សេសសល់​ទាំងអស់ ប៉ុន្តែ​បើ​កូន​នោះ​មាន​ប្ដី​ប្រពន្ធ​ហើយ ហើយ​បាន​ទទួល​កេរ្តិ៍​រួច​ហើយ​នោះ ទ្រព្យ​ដែល​នៅ​សេសសល់​ត្រូវ​បញ្ជូន​ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ជាតិ។

ចំពោះ​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​វិញ កូន​ចៅ​របស់​សព​ត្រូវ​អត់​បាយ ៧​ថ្ងៃ កាន់​ទុក្ខ​កោរ​សក់ ហើយ​ស្រែក​យំ​យ៉ាង​ខ្លាំង។ សព​ត្រូវ​គេ​ដង្ហែ​ទៅ​បូជា​នៅ​ឯ​ទី​ប៉ាឆា​ដែល​សង់​អំពី​ឈើ​ក្រអូប ដោយ​មាន​វង់​តន្ត្រី ឬ​សំឡេង​សូត្រ​ធម៌ ស្មូត ឬ​ច្រៀង​កំដរ​ផង។ អដ្ឋិធាតុ​ត្រូវ​គេ​រើស​ដាក់​ក្នុង​កោដ្ឋ​មាស ឬ​កោដ្ឋ​ប្រាក់ ហើយ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក។ ពួក​អ្នក​ក្រ​ប្រើ​កោដ្ឋ​ដី​ដែល​មាន​លាប​ពណ៌​ផ្សេងៗ​ផង ហើយ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ដែរ។ គ្រួសារ​ខ្លះ​គ្រាន់​តែ​យក​សព​ទៅ​ដាក់​ចោល​ក្នុង​ព្រៃ​អោយ​ជា​ចំណី​សត្វ​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​រៀប​ចំ​ផ្នែក​រដ្ឋបាល​វិញ ក្រៅ​ពី​រាជធានី​ឥស្សណៈបុរៈ ដ៏​ធំ​ដែល​មាន​ប្រជាពលរដ្ឋ​ដល់​ទៅ​ពីរ​ម៉ឺន​គ្រួសារ​រស់​នៅ នៅ​មាន​ក្រុង​ចំនួន ៣០​ទៀត។ ក្នុង​ក្រុង​នីមួយៗ​មាន​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់​នៅ ហើយ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​អភិបាល​ម្នាក់។ នៅ​កណ្ដាល​ក្រុង​មាន​សាល​ធំ​មួយ​ជា​ទី​ដែល​ព្រះរាជា​ទ្រង់​ព្រះរាជទាន​សវនាការ និង​ប្រជុំ​ពួក​សេនា​មន្ត្រី។ មាន​មន្ត្រី​ជាន់​ខ្ពស់​ប្រាំ​នាក់​ស្ថិត​នៅ​ជុំវិញ​ព្រះរាជា។ នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះរាជា ពួក​មន្ត្រី​ត្រូវ​ថ្វាយ​បង្គំ​ដោយ​ឱន​ក្បាល​ដល់​ដី​ចំនួន​បី​ដង។ បើ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ហៅ ឬ​ប្រើ ពួក​មន្ត្រី​ត្រូវ​លុត​ជង្គង់ រួច​ទៅ​អង្គុយ​ដំកង់​នៅ​ជុំវិញ​ព្រះរាជា ដើម្បី​ពិភាក្សា​កិច្ចការ​ប្រទេស​ជាតិ។ លុះ​ចប់​ការងារ​ហើយ គេ​លុត​ជង្គង់​សំពះ​សា​ជា​ថ្មី​មុន​នឹង​ត្រឡប់​ចេញ​ទៅ​វិញ។ ចំពោះ​ការ​ផ្ទេរ​រាជ្យ​សម្បត្តិ​វិញ គឺ​មាន​តែ​បុត្រ​នៃ​ព្រះអគ្គមហេសី​ទេ ទើប​អាច​ឡើង​សោយរាជ្យ​បាន។

ក្នុង​វិស័យ​សេដ្ឋកិច្ច ដោយសារ​ខ្មែរ​យើង​ធ្លាប់​ទទួល​បាន​ជោគជ័យ​លើ​នយោបាយ​ទឹក​តាំង​តែ​ពី​សម័យ​អាណាចក្រ​ភ្នំ​មក​ដល់​សម័យ​ចេនឡា វិស័យ​នេះ​កាន់​តែ​រីក​ចម្រើន​ឡើង ដែល​ជា​ហេតុ​ញ៉ាំង​អោយ​មាន​ការ​កសាង​ទីក្រុង​ធំៗ​ក្បែរ​មាត់​ស្ទឹង និង​ជំរុញ​អោយ​របរ​កសិកម្ម​រីក​លូតលាស់​កាន់​តែ​ខ្លាំង​ឡើង។

ខាង​ផ្នែក​សាសនា​វិញ គេ​សង្កេត​ឃើញ​មាន​ការ​គោរព​បូជា​គណៈ​ផ្សេងៗ​នៃ​សាសនា​ហិណ្ឌូ​និយម ដែល​រួម​រស់​ជាមួយ​គ្នា​ក្នុង​ពេល​នោះ។ អ្នក​កាន់​សាសនា​ហិណ្ឌូ​និយម ជឿ និង​គោរព​អាទិទេព​ធំៗ​បី គឺ​ព្រះព្រហ្ម ព្រះសិវៈ ឬ​ព្រះឥសូរ និង​ព្រះវិស្ណុ។ ការ​ជឿ​លើ​អាទិទេព​ទាំង​បី​នេះ បាន​បង្កើត​អោយ​មាន​ការ​បែង​ចែក​សាសនា​ហិណ្ឌូ​និយម​ជា​បី​គណៈ​សំខាន់ៗ​គឺ គណៈ​ព្រហ្ម គណៈ​សិវៈ និង​គណៈ​វិស្ណុ។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​គោរព​ហរិហរៈ គឺ​ជា​ការ​បញ្ចូល​គ្នា​រវាង​ព្រះឥសូរ និង​ព្រះវិស្ណុ។

គណៈសិវៈ ហាក់​មាន​ឋានៈ​ជា​សាសនា​ផ្លូវ​ការ ឯ​គណៈ​វិស្ណុ មាន​គេ​គោរព​ដែរ​តែ​មិន​សូវ​ច្រើន​ទេ។ ការ​គោរព​ព្រះហរិហរៈ បន្ត​ពី​សម័យ​ហ្វូណន មក ក៏​នៅ​មាន​អនុវត្ត​នា​សម័យ​នោះ ព្រោះ​គេ​បាន​ឃើញ​មាន​រូប​បដិមា​ហរិហរៈ យ៉ាង​ល្អ​វិចិត្រ​នៃ​ប្រាសាទ​អណ្ដែត ជា​ភស្តុតាង​ផង។ ចំណែក​ខាង​ព្រះពុទ្ធ​សាសនា​វិញ មិន​បាត់​បង់​ទេ តែ​ហាក់​ដូច​ជា​រោយ​រាវ​ខ្លាំង។ ឯ​ខាង​វិស័យ​សិល្បៈ​វប្បធម៌ នៃ​សម័យ​ចេនឡា នេះ​វិញ គេ​សង្កេត​ឃើញ​ថា សម័យ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គេ​ប្រើ​ភាសា​ខ្មែរ​បុរាណ ចារ​ក្នុង​សិលា​ចារិក។ ផ្នែក​អក្សរ​សិល្ប៍​វិញ សិលា​ចារិក​វាល​កន្ទេល​បាន​បញ្ជាក់​ថា គេ​សូត្រ​ជា​រៀង​រាល់​ថ្ងៃ​នូវ​រឿង​រាមាយណៈ គឺ​រឿង​រាមកេរ្តិ៍ រឿង​មហាភារតយុទ្ធ និង​គម្ពីរ​បុរាណ។

ក្នុង​ផ្នែក​សិល្បៈ​ស្ថាបត្យកម្ម និង​ចម្លាក់​វិញ គេ​សង្កេត​ឃើញ​ថា ប្រាសាទ​ក្នុង​សម័យ​ចេនឡា នេះ ច្រើន​តែ​សង់​អំពី​ឥដ្ឋ​ដាច់ៗ​ពី​គ្នា ឬ​ក៏​ផ្តុំ​គ្នា​ជា​ក្រុម។ ផ្ដែរ និង​ក្រប​ខ្លោងទ្វារ​ធ្វើ​អំពី​ថ្ម​ភក់ រូប​ចម្លាក់​មួយ​ចំនួន​នៅ​មាន​ជាប់​លក្ខណៈ​សិល្បៈ​ឥណ្ឌា ច្រើន​នៅ​ឡើយ តែ​ភាគ​ខ្លះ​បាន​ងាក​មក​រក​បុគ្គលិក​លក្ខណៈ​ជា​ខ្មែរ ហើយ​មាន​រាង​សង្ហារ​ថែម​ទៀត​ផង ដូច​ជា រូប​ហរិហរៈ នៃ​ប្រាសាទ​អណ្ដែត ជាដើម៕ប្រភពអត្ថបទ វិទ្យុអាសុីសេរី

Leave a Reply

Your email address will not be published. Required fields are marked *